HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

ការត្រៀមខ្លួនប្រលងដើម្បីជោគជ័យ

ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​គ្រប់​​សមរ​ភូមិ​​ប្រលង​​អ្នក​ត្រូវ​ត្រៀម​ ខ្លួន​​ឲ្យ​បាន​​ពេញ​​លេញ​បំផុត​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចាប់​តាំង​ពី​ពេល​ចូល​រៀន​មុខ​វិជ្ជា​នីមួយៗ​រហូត​មក​។ អ្នក​ត្រូវ​កត់​ចំណាំ​និង​សង្ខេប​ខ្លឹម​សារ​សំខាន់ៗ​​ រួច​ចំណាយ​​​ពេល​​​រំ​លឹក​មេ​រៀន​ជា​ប្រ​ចាំ​ដោយ​ចំណាយ​ពេល​ត្រឹម​៥​ឬ​១០​ នាទី​។​​ អ្នក​គួរ​កត់​ចំណាំ​លើ​សៀវភៅ​អាន​​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​រំលឹក​ ម្តង​ម្កាល​។​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​ឲ​អ្នក​រៀប​ចំ​ឯកសារ​មាន​សណ្តប់​ធ្នាប់​ល្អ ​និង​អាច​រក្សា​ការ​ចង​ចាំ​បាន​ប្រមាណ​៨០​%​។ ​ធ្វើ​បែប​នេះអ្នក​មិន​សូវ​នឿយ​​ហត់​សំរុក​រៀនពេល​​កៀក​​ប្រលង។



 (
១) មុន​ពេល​ប្រលង

តើត្រូ​វ​ត្រៀម​ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?

ការរៀបចំឯកសារ
វីធី​​ល្អ​​បំផុត​​សម្រាប់​​ត្រៀម​​ប្រលង​​គឺ​​រៀប​ចំ​​ឯកសារ​​ដែល​​បាន​​រៀន​​រួច​​ទាំងអស់​​ឲ្យ​​មាន​​សណ្តាប់​ធ្នាប់​ ទាំង​សៀវភៅ​អាន សៀវភៅ​សរសេរ និង​កំណត់​ត្រា​ចំណាំ។ ចូរ​សង្ខេប​ខ្លឹមសារ​សំខាន់ៗ​ដាក់​ក្រដាស​មួយ​សន្លឹក ហើយ​ចង​ចាំ​សេចក្តី​លំអិត​ក្នុង​ខួក្បាល។

ការរៀបចំពេលវេលា
ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុង​កាល​វិភាគ​នេះ​ត្រូវ​មាន ម៉ោង​បរិភោគ​អាហារ ម៉ោង​ការងារ ម៉ោង​ប្រជុំ ម៉ោង​រៀន​នៅ​សាលា ម៉ោង​ធ្វើ​កិច្ចការ​សាលា និង​ម៉ោង​សម្រាប់​ធ្វើ​កិច្ចការ​ផ្សេង​ទៀត។ ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។

នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង ចូរ​រៀប​ចំ​​​កាល​វិភាគ​ដោយ​ឡែក​មួយ​ដែល​មាន​ម៉ោង​ប្រលង​ ម៉ោង​បរិភោគ និង​ពេល​សំរាក។​ អ្នក​ត្រូវ​ដឹង​ថា​អ្នក​ត្រូវ​​មាន​​​​សុខភាព​ល្អ​និង​ប្រាជ្ញា​ឆ្លាត​វៃ​ក្នុង​ពេល​ប្រលង ដូចនេះ​អ្នក​មិន​គួរ​គប្បី​​យក​ពេល​បរិភោគ​ឬ​ពេលដេក​ មករៀនបន្ថែមទេ។

សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។

ជួយខ្លួនឯង

ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈ
ស្វែង​យល់​ពី​ការ​ប្រលង​លើ​មុខវិជ្ជា​នីមួយៗ​ឲ្យ​បាន​ច្រើន​ដូច​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ចូរ​សួរ​គ្រូ​របស់​អ្នក​អំពី​ប្រភេទ​សំណួរ​ដែល​អាច​នឹង​ចេញ​នៅ​ពេល​ប្រលង​​ ហើយ​សម្ភារៈ​អ្វីខ្លះ​ដែល​ត្រូវ​ការ​ឬ​អនុញ្ញាត​ឲ​យក​ចូល​ពេល​ប្រលង​ ដូចជា​ម៉ាស៊ីន​គិត​លេខ​ និង​វចនានុក្រម​ជាដើម​។ ​ចូរ​ស្នើរ​សុំ​វិញ្ញាសា​ដែល​ធ្លាប់​ចេញ​ពី​​ឆ្នាំ​​មុន​ដើម្បី​ធ្វើ​ជា​គម្រូ​សម្រាប់​ត្រៀម​ប្រលង​។

ពេល​ទន្ទេញ​មេរៀន​ម្តងៗ​ ចូរ​សាក​ល្បង​ស្មាន​ថា​សំណួរ​ប្រភេទ​ណា​អាច​នឹង​ចេញ​ពេល​ប្រលង​។​ ប្រសិន​បើ​អ្នក​មាន​ពេល​ ចូរ​សាក​ល្បង​ឆ្លើយ​សំណួរ​ទាំង​​នោះ​យ៉ាង​ពេញ​លេញ​ឲ​ដូចជា​ពេល​ប្រលង​ជាក់​ស្តែង។

គិត​ក្នុង​ផ្លូវ​វិជ្ជមាន៖ ដោយ​សារ​តែ​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​សម្រាប់​ការប្រលង​ដូចនេះ​យើង​ ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ថា​"​ការប្រលង​របស់​ខ្ញុំ​នឹង​ប្រព្រឹត្តិ​ទៅ ​ប្រកប​ដោយ​ជោគជ័យ​"​។​ តែ​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​គ្រប់​គ្រាន់​ទេ​ អ្នក​គ្រាន់​តែ​ដាស់​តឿន​ខ្លួនឯង​ថា​"​ដោយ​ពឹង​លើ​ សុខភាព​ល្អ​ ប្រាជ្ញា​វៀង​វៃ​ និង​ចិត្ត​ ស្រស់​ថ្លា​ របស់​ខ្លួន​ ខ្ញុំ​ប្រាកដ​ជាំ​អាច​ជួយ​ខ្លួន​ឯង​បាន ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ត្រៀម​"។

កុំ​ព្យាយាម​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ដោយ​ការដើរ​លេង​ឬ​មើល​កុន​ពេលយប់ ​មុន​ប្រលង​ឲ្យ​​សោះ។​ ទង្វើ​បែប​នេះ ជាការរំខាន​ដល់​ការចង​ចាំ​របស់​អ្នក​ទៅវិញ​ទេ។​ ចូរ​អាន​មេរៀន​ជំនួស​វិញ​​ រួច​ហើយ​ចូល​គេង​យ៉ាង​ស្កប់​ស្កល់។​ ព្រឹក​ឡើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​យ៉ាងឈ្ងុយ​ឆ្ងាញ់​ ហើយ​បន្ត​ដំណើរ​កំសាន្ត​ចុង​ក្រោយ​ជាមួយ​មេរៀន​ រួច​ចូល​ប្រលង​យ៉ាង​រីក​រាយ។

(
២) ពេល​ប្រលង

ការរៀបចំ​ខ្លួន​ប្រលង
ត្រូវ​មក​ដល់​បន្ទប់​ប្រលង​ឲ្យ​បាន​មុន​ម៉ោង​ដើម្បី​ធ្វើ​ចិត្ត​ឲ​ស្ងប់​ និង​រំលឹក​មេរៀន​ ខ្លះ​ៗ ​(​ប្រសិន​បើអ្នក​ចំា​មិន​ច្បាស់​ត្រង់​ណាមួយ)។ ការមក​យឺត​ធ្វើ​ឲ​ប៉ះពាល់​ដល់​ការប្រលង​ដោយ​សារ​តែ​អារម្មណ៍​​មិន​ស្ងប់​។​ អ្នក​ដែល​មក​យឺត​តែង​តែ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ជានិច្ច​កាល​ ហើយ​ទំរាំ​តែ​តាំង​ចិត្ត​បាន​ក៏​ខាតពេល​ល្មម​គួរ​សម​ដែរ។​ "​ ខ្ញុំ​មក​យឺត​ៗ...​ខាត​ម៉ោង​ៗ...​ប្រញាប់​ឡើង​...​"។

ជៀស​វាង​ការជជែក​ជាមួយ​មិត្ត​ភក្តិ​(បើ​មាន​ត្រូវ​ឲ្យ​​ខ្លី​) ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​ការចង​ចាំឬ​ការតាំង​ចិត្ត​របស់​អ្នក​ពេល​ប្រលង។ ក្នុង​ពេល​ប្រលង​ចូរ​អាន​សំណួរ​នីមួយៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តាប់​ការណែនាំ របស់​គ្រូ​ឬអនុរក្ស​មុខ​វិជ្ជា​នីមួយៗ​​ក្នុង​ពេល​ប្រលង​ (​បើយើង​មិន​ស្តាប់​ការណែនាំ​ទេ​ ជួនកាល​យើង​បង្ខាត​ពេលវេលា​ធ្វើសំណួរ​ដែល​គេ​កាត់​ចោល​ពីការប្រលង​ដោយសារ​តែ ​វា​ខុស​ឬ​ពិបាក​ពេក​)។ បើ​មាន​ចំងល់​ត្រូវ​តែ​សួរ​ឲ្យ​​ច្បាស់​ កុំ​ធ្វើ​ទាំង​ងឿង​ឆ្ងល់។

ប្រសិន​បើមិត្ត​របស់​អ្នក​ធ្វើ​ហើយ​មុន​រួច​ចេញ​ទៅក្រៅ​បន្ទប់ ចូរ​កុំ​ខ្វល់​នឹង​គេ​អី​(ចង់​ចេញ​ដូច​គេ​)។ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ដោយ​ស្ងៀម​ស្ងាត់​។​ ពេល​ធ្វើ​ចប់​នឹង​ផ្ទៀង​ផ្ទាត់​រូច​ហើយ​ សឹម​ចេញ​ទៅ។

ការឆ្លើយ​សំណួរ

មុន​នឹង​ឆ្លើយ​សំណួរ​នីមួយៗ​ ចូរ​អានវា​ឲ្យ​​បាន​ច្បាស់​សិន​​។ ដើម្បី​សន្សំ​ពេលវេលា​ អ្នក​គួរ​តែ​អាន​សំណួរ​ទាំង​អស់​ឲ្យ​ចប់​សិន​ ដើម្បើ​ឲ្យ​​ច្បាស់​ថា​លំបាក​ឬ​ស្រួល​ប៉ុណ្ណា។ បន្ទាប់​មក​ចូរ​ប៉ាន់​ស្មាន​ ពេលវេលា​ដែល​នឹង​ចំណាយ​សម្រាប់​សំណួរ​នីមួយៗ​។ ជា​ចុង​ក្រោយ​ ចូរ​ចាប់​ផ្តើម​ឆ្លើយ​នឹង​សំណួរ​ដោយ​យក​ចិត្តទុក​ដាក់​ (បើ​មាន​សំណួរ​បែប​បក​ស្រាយ​ ចូរ​ធ្វើ​វា​មុន​)។ មធ្យោបាយ​ដែល​ល្អ​បំផុត​គឺ​ ឆ្លើយ​សំណួរ​ណា​ដែល​ចេះ​ធ្វើ​មុន ហើយ​សល់​ពេល​សិម​ឆ្លើយ​សំណួរ​ដែល​មិន​ចេះ ឬ​រំលង​ និង​មើល​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ ក្រែង​មាន​ភ្លេច​ភ្លាំង​ ឬ​ភ័ន្ត​ច្រឡំ​កន្លែង​ណាមួយ។

(
៣) បន្ទាប់​ពី​ពេល​ប្រលង

ពេល​ប្រលង​ចប់​ភ្លាមៗ​ ការចង​ចាំ​របស់​អ្នក​នៅ​ច្បាស់​លាស់​អ្នក​នៅ​ឡើយ​ នេះ​ជា​ពេល​ដ៏​ប្រសើរ​ដែល​អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នក ​អំពី​ការ​ប្រលង​ដែល​ទើប​នឹង​បញ្ចប់ នោះ​អ្នក​នឹង​ដឹង​អំពីៈ របៀប​ឆ្លើយ​របស់​ពួកគេ កន្លែង​ណា​ដែល​អ្នក​ធ្វើ​ខុស​ ហេតុ​អ្វី​ ហើយ​កន្លែង​ណា​ដែល​អ្នក​ធ្វើ​ត្រូវ​។ អ្នក​ត្រូវ​ដឹង​ថា​ការ​ប្រលង​មិន​មែន​ដើម្បី​តែ​ពិន្ទុ​ទេ​ គឺ​ដើម្បី​ស្ទង់​សមត្ថភាព​និង​បង្កើន​ចំណេះ​ដឹង​។

Share this:

CONVERSATION

0 comments:

Post a Comment