មនុស្សគ្រប់គ្នាអាចក្លាយជាបុគ្គលល្បី បុគ្គលជោគជ័យ គ្រប់ពេលវេលា ប្រសិនបើអាចបោះបង់ទម្លាប់មិនល្អប្រចាំថ្ងៃបាន រួចឈោងចាប់យកទម្លាប់ដូចបុគ្គលល្បីៗនោះ។ ខាងក្រោមនេះជាភាពខុសគ្នា របស់មនុស្សធម្មតា និងបុគ្គលជោគជ័យ ដែលគេសង្កេតឃើញកើតមានឡើងប្រចាំថ្ងៃ។
១. មនុស្សធម្មតានិយាយតែពីរឿងអាក្រក់អ្នកដទៃ, បុគ្គលជោគជ័យ និយាយពីការអភិវឌ្ឍគំនិត
ការនិយាយចចេច ចចូច និងអួតអាង បានក្លាយទៅជារឿងពេញនិយមសម្រាប់មនុស្សធម្មតាទៅហើយ។ ពួកគេមិនដែលមានគំនិតជួយអ្នកដទៃ បែរជានិយាយមិនល្អ និងច្រណែនគេទៅវិញ។ ចំណែកបុគ្គលជោគជ័យ ចូលចិត្តពិភាក្សាគំនិតរកស៊ី ដែលអាចជួយឲ្យជីវិតគេបានប្រសើរ ដូចជាផែនការ ទិសដៅ ការចង់បាន និងការច្នៃប្រឌិតជាដើម។
២. មនុស្សធម្មតាកំណត់តែគោលដៅ, បុគ្គលជោគជ័យរៀបផែនការសកម្មភាពលម្អិត
បុគ្គលជោគជ័យកំណត់គោលដៅដូចគ្នា ប៉ុន្តែពួកគេរៀបចំផែនការលម្អិតតាមថ្នាក់ៗ និងធ្វើសកម្មភាព ដើម្បីសម្រេចឲ្យបាន។ ជាពិសេស ពួកគេកំណត់ផែនការសកម្មភាព ឬទម្លាប់ ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ។
៣. មនុស្សធម្មតាត្អូញត្អែរពីជីវិត, បុគ្គលជោគជ័យរើខ្លួនពីជីវិតធម្មតា
តើធ្លាប់ឮ អ្នកដទៃទួញថ្ងូរអំពីបញ្ហាក្នុងជីវិតរស់នៅរបស់ពួកគេ ជំនួសឲ្យការស្វែងរកដំណោះស្រាយដែរទេ? ពេលខ្លះ គេតែងតែឮថា ព្រហ្មលិខិតអយុត្តិធម៌ និងមិនប្រណីដល់ពួកគេទេ។ មនុស្សធម្មតាតែងប្រាថ្នា ចង់បានជីវិតរស់នៅស្រួល ខណៈបុគ្គលជោគជ័យស្វែងរកផ្លូវដើរថ្មី ជាជាងការបួងសួង ឬបន្ទោសអ្នកដទៃ។
៤. មនុស្សធម្មតាប្រកាន់ខ្ជាប់នឹងទម្លាប់សង្គមពីមុន, បុគ្គលជោគជ័យបង្កើតទម្លាប់ខ្លួនឯង
មនុស្សធម្មតាតែងតែខ្លាចរអា នៅពេលធ្វើអ្វីខុសទម្លាប់ តែបុគ្គលជោគជ័យចូលចិត្តធ្វើអ្វីដែលខ្លួនចង់។
៥. មនុស្សធម្មតាបានត្រឹមសុបិន, បុគ្គលជោគជ័យប្រឹងបង្កើត
យើងគ្រប់គ្នាចង់បានជីវិតប្រសើរ សុភមង្គល សេរីភាព សុខភាព កិត្តិយស និងមានទ្រព្យធន់ច្រើន ដែលជាក្ដីប្រាថ្នាទាំងអស់គ្នា។ មនុស្សទូទៅគ្រាន់តែសុបិន ប៉ុន្តែបុគ្គលជោគជ័យត្រូវបញ្ចេញសកម្មភាព។
៦.មនុស្សធម្មតាធ្វើអ្វីមួយចង់បានផលភ្លាមៗ, បុគ្គលជោគជ័យធ្វើអ្វីចង់បានផលយូរអង្វែង
ជាទូទៅមនុស្សធម្មតា ពេលសម្លឹងឃើញអ្នកណាធ្វើអ្វីទទួលលទ្ធផលភ្លាមៗ ពួកគេតែងតែដូរចិត្តតាមមជ្ឈដ្ឋានជុំវិញចង់ធ្វើនេះ ចង់ធ្វើនោះឲ្យតែឃើញគេធ្វើបាន មានន័យថាធ្វើអ្វីមួយមិនពិតប្រាកដ។ ចំណែកបុគ្គលជោគជ័យ គឺផ្ទុយពីការគិតរបស់យើង ពួកគាត់ត្រូវដើរតាមក្ដីសុបិន ទោះត្រូវចំណាយពេលយូរ និងលំបាកយ៉ាងណាក៏ដោយ តែផលបានមកនឹងអស្ចារ្យ យូរអង្វែង។
៧.មនុស្សធម្មតាវាយតម្លៃមនុស្សដទៃ, បុគ្គលជោគជ័យវាយតម្លៃតែខ្លួនឯង
ការនិយាយពីអ្នកនេះល្អ អ្នកនោះអាក្រក់ ជាទម្លាប់គួរឲ្យស្អប់មួយចំពោះមនុស្សធម្មតា បើអាចកាត់បន្ថយបាន គួរតែបន្ថយ ព្រោះវាគ្មានបានផលចំពោះខ្លួនទេ។ ឯបុគ្គលល្បីៗ តែងតែមើលអាកប្បកិរិយា សកម្មភាពខ្លួនឯង ស្គាល់ចំណុចខ្សោយខ្លួន រកវិធីណាធ្វើឲ្យខ្លួនកាន់តែប្រសើរ កាន់តែល្បី គេគោរពសរសើរ។
៨. មនុស្សធម្មតាមើលទូរទស្សន៍ច្រើន, បុគ្គលជោគជ័យអានសៀវភៅច្រើន
ការមើលទូរទស្សន៍ ខ្សែភាពយន្ត ជាពេលកម្សាន្តរបស់មនុស្សទាំងពីរប្រភេទខាងលើ តែមនុស្សធម្មតាត្រូវគេមើលឃើញថាបានចំណាយពេលវេលាដ៏មានតម្លៃយ៉ាងច្រើនក្នុងការតាមដានភាពយន្ត។ បើយោងតាមការសិក្សាមួយ មនុស្សធម្មតា ជាមធ្យមមើលទូរទស្សន៍រយៈពេល ៩ឆ្នាំក្នុងមួយជីវិត ខណៈទូរទស្សន៍មិនសូវផ្ដល់ផលប្រយោជន៍ ឬបានប្រឌិតរឿងជាដើម។ អ្នកនឹងមិនអាចចៀសផុតឡើយ ការទស្សនាពាណិជ្ជកម្មរាប់មិនអស់ ដែលព្យាយាមបញ្ចុះបញ្ចូលឲ្យទិញរបស់ដែលមិនសូវចាំបាច់។
៩.មនុស្សធម្មតាចង់បានជីវិតប្រសើរជាងអ្នកដទៃ, បុគ្គលជោគជ័យចង់ឲ្យខ្លួនឯងប្រសើរជាងមុន
មនុស្សធម្មតា ចូលចិត្តប្រៀបធៀបខ្លួនទៅនឹងមនុស្សដែលអន់ជាងខ្លួន ដើម្បីឲ្យគេគិតថាខ្លួនជាមនុស្សអស្ចារ្យ។ តែផ្ទុយមកវិញ បុគ្គលជោគជ័យតែងតែប្រៀបធៀបខ្លួនឯងថ្ងៃនេះ គឺប្រសើរជាងម្សិលមិញ ហើយស្អែកនឹងប្រសើរជាងថ្ងៃនេះរហូត។
១០. មនុស្សធម្មតាខ្លាចបរាជ័យ, បុគ្គលជោគជ័យទទួលយកដៃពីរ
គ្រប់គ្នាតែងតែខ្លាចភាពបរាជ័យ ប៉ុន្តែមនុស្សជោគជ័យទទួលស្គាល់បរាជ័យ និងចាត់ទុកការបរាជ័យជាផ្លូវនាំពួកគេទៅរកភាពជោគជ័យ ដែលគេឃើញភាគច្រើនចំពោះសហគ្រិន៕
0 comments:
Post a Comment