អ្នកជំនួញជោគជ័យ ឬមហាសេដ្ឋីប្រាក់លានដុល្លារ តែងតែមានជីវិតតស៊ូជួបព្យុះ ជួបភ្លៀងសឹងតែបោះបង់ទៅវិញ តែការប្ដេជ្ញាចិត្ត និងកម្លាំងចិត្តជាកត្តាសំខាន់ជាងគេ ដែលជួយរុញច្រានពួកគេឲ្យដើរដល់ផ្លូវជោគជ័យ។
បុគ្គលជោគជ័យមួយចំនួនចំណាយពេលវេលាច្រើនដើម្បីរៀនសូត្រពីបទពិសោធន៍បរាជ័យរបស់ខ្លួន តែខ្លះទៀតរៀនពីភាពជោគជ័យរបស់អ្នកដទៃ តែសម្រេចទៅដល់គោលដៅតែមួយ។ ភាពជោគជ័យ គឺមិនមែនកើតឡើងដោយចៃដន្យទេ តែជាការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗ។ តោះស្វែងយល់ពីទម្លាប់របស់បុគ្គលល្បីៗ ១០ចំណុច ដែលធ្លាប់បោះបង់ចោល ដើម្បីឈោងចាប់ការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ខាងក្រោម៖
១. ពួកគេមិនធ្វើការនៅកន្លែងស្រួលៗ ឬដដែលៗ (Comfort Zone)
ធ្វើការក្នុង Comfort Zone សំដៅការធ្វើការដដែលជាប្រចាំ ដោយគេគិតថាស្រួល។ ពួកគេគិតថា ការធ្វើការបែបនេះដូចជាសត្វកណ្ដុរក្នុងកង់រទេះអីចឹង គឺមិនអាចទទួលបានអ្វីថ្មី ប្លែក តែផ្ទុយទៅវិញពួកគេចូលចិត្តដើរចេញទៅក្រៅមើលស្ថានភាពជុំវិញខ្លួន។
២. ពួកគេមិនធ្វើកិច្ចការ ដោយមិនស្វែងយល់ជាមុន
ការស្វែងយល់ជាមុនជាកិច្ចការសំខាន់ ដើម្បីឲ្យដឹងថាការសម្រេចចិត្តរបស់ខ្លួននឹងមានប្រយោជន៍ដល់សង្គមកម្រិតណា។ ទោះបីជំនួញអាជីវកម្មរបស់ពួកគេកំពុងដើររលូនទៅមុខយ៉ាងណាក្ដី ក៏ពួកគេនៅបន្តស្វែងយល់ រៀនសូត្រ និងតាមដានស្ថានកាលបច្ចុប្បន្នដែរ។
៣. ពួកគេមិនខ្លាច សុំដំបូន្មានពីអ្នកដទៃ
ការសុំយោបល់អ្នកដទៃមិនមែនជារឿងងាយស្រួលទេ ព្រោះគេអាចច្រណែន ឬគំនិតខុសគោលដៅរបស់យើងចង់បាន។
៤. ពួកគេមិនចង់ដឹង ព័ត៌មានមិនផ្ដល់ប្រយោជន៍
ដំណឹងមិនផ្ដល់អត្ថប្រយោជន៍ ពួកគេតែងតែធ្វើមិនដឹង ឬមិនឮ ព្រោះវាអាចធ្វើឲ្យខូចអារម្មណ៍ក្នុងការយកចិត្តទុកដាក់លើកិច្ចការធំ។
៥. ពួកគេមិនធ្វើកិច្ចការច្រើនប្រភេទ
មានកិច្ចការច្រើនក្នុងពេលតែមួយ គឺធ្វើឲ្យមនុស្សម្នាក់ៗ មិនអាចប្រឹងប្រែងបានល្អទាំងអស់នោះទេ បើធ្វេសប្រហែសបន្តិច វានឹងទាញទម្លាក់ប្រសិទ្ធភាពកិច្ចការទាំងអស់ឲ្យចុះថមថយបាន។
៦. ពួកគេមិនកុហក អ្នកដទៃ
ការកុហកអ្នកដទៃថ្ងៃនេះ ថ្ងៃខាងមុខពួកគេនឹងកុហកខ្លួនឯង កុហកការតាំងចិត្ត។
៧. ពួកគេមិនរួញរានឹងសុំមតិយោបល់
ការផ្ដល់មតិយោបល់ គឺជារឿងសំខាន់មួយសម្រាប់ជួយស្វែងរកភាពខ្វះចន្លោះរបស់ពួកគេ ដើម្បីកែតម្រូវឲ្យបានប្រសើរឡើងវិញ។ យើងខ្លួនឯងគិតថាល្អ តែអ្នកដទៃគិតថាធ្វើពុំត្រឹមត្រូវ ដូច្នេះក្រោយបានមតិយោបល់ អ្នកអាចថ្លឹងថ្លែងរកចំណុចរួមបាន។
៨. ពួកគេមិនដើរតាម តែពួកគេដឹកនាំរកអ្វីថ្មី
ក្នុងសង្គមបច្ចុប្បន្នមានមនុស្សពីរប្រភេទគឺជាអ្នកដឹកនាំ និងអ្នកចាំគាំទ្រ។ បុគ្គលដែលទទួលបានជោគជ័យ ជាអ្នកដឹកនាំ ព្រោះគេបានរកឃើញផ្លូវដើរថ្មី និងមុនគេ។
៩. ពួកគេមិនឲ្យស្រមោលអតីតកាល បំផ្លាញអនាគត
ទោះបីជាអតីតកាលធ្លាប់បរាជ័យ ជួបឧបសគ្គច្រើនរាប់ជំពូកយ៉ាងណាក្ដី ពួកគេតែងតែក្រឡេកទៅមើលអនាគតដ៏ប្រសើរជានិច្ច ដោយយកអតីតកាលជាមេរៀន។
១០. ពួកគេមិនដើរក្នុងចំណោម អ្នកគិតអវិជ្ជមានឡើយ
ការជ្រើសរើសមនុស្សដើរជាមួយ គឺជារឿងសំខាន់ ព្រោះពួកគេអាចជាទីប្រឹក្សា អ្នកណែនាំទៅរកផ្លូវប្រសើរដូចពួកគេ។ បើសេពមនុស្សបំផ្លាញ ពួកគេនឹងទាញទម្លាក់បន្តិចម្ដងៗឲ្យបរាជ័យតែម្ដង៕
0 comments:
Post a Comment